កន្លែងសំខាន់ៗដែលជាទីទស្សនា

រូបចម្លាក់ព្រះព្រហ្ម ៖ សាងសង់ឡើងដោយសាស្ត្រាចារ្យចម្លាក់មួយរូប ក្នុងរចនាបថកោះកេរ។ រូបចម្លាក់ព្រះព្រហ្មត្រូវបានតម្ដល់លើបុស្បុកដែលរចនានិងសាងសង់ដោយស្ថាបត្យករខ្មែរ។ ទីតាំងនេះជាកន្លែងសម្រាប់គោរពបូជានិង បង្ហាញពីសិល្បៈដ៏អស្ចារ្យនៃអាណាចក្រ និងប្រជាជនខ្មែរ។

បឹងឈូក ៖ បឹងឈូកគឺជាកន្លែងដ៏ល្អបំផុតមួយសម្រាប់ការថតរូបដែលទិដ្ឋភាពពោរពេញទៅដោយភាពស្រស់
បំព្រងក្នុងបរិវេណកោះស្លាកែតស្ទូឌីយោ។ បង្គោលលម្អតាមមាត់បឹងឈូកត្រូវបានរចនាឡើងដោយក្នុងរចនាបថសហសម័យដែលផ្តល់ជូនលោកអ្នកនូវទស្សនីយភាពអមជាមួយខ្យល់ដ៏ត្រជាក់នាមាត់បឹង។ ផ្ទៃខាងលើនៃសសរបង្គោលឬហៅកាត់ថាមួកសសរបង្គោលនេះគឺត្រូវបានដកស្រង់និងកែច្នៃក្លាយចេញពីទម្រង់មួយនៃមកុដក្បាំងខ្មែរដែលគេតែងតែពាក់សម្រាប់កម្មវិធីសម្តែងសិល្បៈនានា។មកុចដម្បាំងនេះមានរាងនិងសណ្ឋានជារាងឡាំងថ្លែងអមដោយកំពូលស្រួចខាងលើដែលជាទម្រង់នៃផ្នួងសក់និងចុងកំពូលលម្អ។

ក្លោងទ្វារបុរាណ ៖រចនាបថនៃស្ថាបត្យកម្មក្លោងទ្វារនេះ ត្រូវបានច្នៃប្រឌិតឲ្យមានភាពសំបូរបែបដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពរុងរឿងនិងកិត្យានុភាពដ៏អស្ចារ្យនៃសិល្បៈកេរ្ត៍ដូនតាខ្មែរ។ នៅពីមុខក្លោងទ្វារ មានលំអរដោយតោមួយគូក្នុងរចនាបថបាយ័ន។ នៅពីលើក្លោងទ្វារ មានផ្ដែរលំនាំរចនាបថបន្ទាយស្រី។ សិល្បៈចម្លាក់ក្បាច់លំអស្ថាបត្យកម្មនេះមានលាយឡំនូវសោភ័ណ្ឌភាពក្នុងទម្រង់ជារាងដងធ្នូហើយសងខាងដើមនិងចុងផ្តែរបែនចេញជារាងកន្ទុយហង្សក្លាយក្បាលនាគ។ រីឯស្ថិតនៅចំកណ្តាលគឺជារូបសំណាកព្រះឥន្ទគង់លើដំរីព្ធរាវ័ណ។ ពេលដើរកាត់ក្លោងទ្វារនោះ អ្នកហាក់មានអារម្មណ៍ត្រូវបានព្រះឥន្ទប្រទានពរដែលសុទ្ធសឹងជាស្នាដៃសិល្បករខ្មែរវ័យក្មេងកសាងកេរមរតករបស់ជាតិឡើងវិញ។

ភូមិគ្រឹះល្វែងច័ន្ទ៖ ភូមិគ្រឹះល្វែងច័ន្ទ បានផុសចេញការដកស្រង់គំនិតចេញពីស្ថាបត្យកម្មផ្ទះខ្មែរដំបូលកឹងបែបសេដ្ឋីឲ្យលេចចេញជារូបរាងឡើងដោយស្របទៅតាមក្បួនខ្នាត បច្ចេកទេស ក៏ដូចជាប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងពីសម័យដើម។ គ្រឿងលម្អររបស់ភូមិគ្រឹះល្វែងច័ន្ទត្រូវបានឆ្លាក់ជាក្បាច់រួមមាន៖ ដងក្តា នាគដងក្តា នាគចែង កន្ទុយមាន់ កំពូលពេជ្រ រងស្បូវ ក្បាច់ហោជាង ដៃស្នា ជើងទាន ក្បាច់ជើងសសរ ក្បាលសសរ សន្ធិយា ជញ្ជាំងប្រអប់ ក្បាច់ទ្វារ បង្អួច បង្កាន់ដៃ និងមានជាច្រើនប្រភេទទៀត ដែលសាងសង់ដោយវិចិត្រករខែ្មរយ៉ាងចំណាន។

អាងហែលទឹក៖ អាងហែលទឹកស្ថិតនៅកណ្តាលតែម្ដងនៃបរិវេណកោះស្លាកែតទល់មុខភូមិគ្រឹះល្វែងច័ន្ទ។ អាងហែល ទឹកនេះត្រូវបានចែកជាពីរផ្នែកដោយឡែកពីគ្នា គឺមួយផ្នែកសម្រាប់កុមារ និងមួយផ្នែកទៀតសម្រាប់មនុស្សពេញវ័យ ហើយនៅជិតនោះក៏មានបន្ទប់ទឹកសំរាប់សម្អាតខ្លួបមុនឬក្រោយពេលហែលទឹកផងដែរ។

កំពង់ផែនេសាទ៖ លោកអ្នកអាចចំណាយពេលនៅទីនេះលំហែកាយ ជិះទូក ឬស្ទូចត្រីក៏បាន។ នៅពេលឆ្លងកាត់ស្រះអូសត្វពងលោកអ្នកអាចជិះទូកទៅដល់ផ្ទះរបស់កូនកំលោះ ដែលត្រូវបានសាងសង់ឡើងតំណាងឲ្យចម្ងាយដ៏វែងឆ្ងាយដែលកូនកំលោះធ្វើដំណើរទៅកាន់ចែចូវកូនក្រមុំ។

View Other Things To Do